មហា​សេដ្ឋី​អាមេរិក​លោក​ Bill​ Gates​ ណែនាំ​សៀវភៅ​ល្អ​ឆ្នាំ​នេះ

នៅក្នុង​រយៈពេលបួន​ប្រាំឆ្នាំចុង​ក្រោយនេះ មហា​សេដ្ឋី​ពិភពលោក​ដែល​គេស្គាល់​ ឈ្មោះ​ស្ទើរ​​គ្រប់​គ្នាតែងតែ​ចំណាយ​ ពេលផ្ទាល់​ខ្លួនដើម្បី​អានសៀវភៅ​យ៉ាង​ហោច​ណាស់​ក៏មួយក្បាល​ដែរក្នុង​មួយ​សប្តាហ៍។

ជាទូទៅ​នៅពេល​ចុងឆ្នាំ​ម្តងៗ​លោក​តែងតែ​ជ្រើសរើស​​ចំណង​ជើងសៀវភៅ​​ណាដែល​ ​លោក​បាន​អានហើយ​ចាត់ទុក​ថា​ជាសៀវភៅ​ល្អ និងណែនាំ​មនុស្សទូទៅ​ឱ្យអានផង​។ហើយ​ឆ្នាំ​នេះ​ក៏មិនខុស​ពីឆ្នាំ​មុនៗ​ដែរលោក Bill Gates សរសេរ​លើគេហទំព័រ​ផ្ទាល់ខ្លួន​ឈ្មោះ Gatesnotes​ទាក់ទង​នឹងសៀវភៅ​ដែលលោក​ចូលចិត្ត​អានថា​៖

ប្រសិន​បើអ្នក​ចង់រក​សៀវភៅ​ល្អអាន​នៅពេល​ចុងឆ្នាំនេះ សូមរក​មើលចំណង​ជើងខាង​​ក្រោម​នេះ​ដែល​សុទ្ធតែ​ជាសៀវភៅ​ខ្ញុំចូលចិត្ត​ អានក្នុង​ឆ្នាំនេះ​មានប្រធាន​បទចម្រុះគ្នា​តាំងពីកីឡា​រហូតដល់​ភាពជាអ្នកដឹកនាំ​ដែលទាក់​ទាញ​​អារម្មណ៍អ្នកអាន​យ៉ាងខ្លាំង​និងផ្តល់​ចំណេះដឹង​ ថ្មីលើស​ពីការរំពឹងទុក។

១/ String Theory ​និពន្ធដោយ​លោក David Foster Wallace៖សៀវភៅ​នេះគ្មាន​អ្វីនិយាយ​​ទាក់ទង​​នឹង​រូបវិទ្យា​ទេប៉ុន្តែ​ចំណងជើង​សៀវភៅនេះ​នឹងធ្វើឱ្យអ្នក​អានមើល​ទៅដូចជាមនុស្ស​អស្ចារ្យ​ ណាស់​បើអាននៅ​លើរថភ្លើង និងយន្តហោះ។ សៀវភៅ​នេះជាការប្រមូល​​ផ្តុំអត្ថបទ​ល្អបំផុត​ទាំង​៥​របស់​លោក Wallace ទាក់ទង​នឹង​កីឡាវាយ​សី។ ប៉ុន្តែអ្នក​មិនចាំបាច់​ត្រូវតែលេងវាយ​សី ឬ​មើល​កីឡា​នេះទេដើម្បី​ចូលចិត្តអាន​សៀវភៅ​មួយ​នេះព្រោះលោក Wallace បានរក​​ឃើញសិល្បៈ​ទាក់​ចិត្ត​ក្នុង​ការប្រើប្រាស់​ភាសាដូច​អ្នកលេង​សៀក។

២/ Shoe Dog និពន្ធដោយលោក Phil Knight​៖សៀវភៅ​​ប្រវត្តិរូបផ្ទាល់​ខ្លួនមួយក្បាល​នេះរបស់​​សហ​ស្ថាបនិក​ក្រុមហ៊ុន ​ស្បែក​ជើង​កីឡា ​Nike ជាការរំឭក​នូវមាគ៌ាទៅរក​ជោគជ័យក្នុង​មុខ​ជំនួញ។ ខ្ញុំបាន​ស្គាល់​លោក Knight ជាច្រើន​ឆ្នាំហើយ​ដឹងថា គាត់ជា​មនុស្សល្អ តែស្ងប់ស្ងាត់​និង​ពិបាក​ឱ្យ​គេស្គាល់។ នៅ​ក្នុងសៀវភៅ​នេះលោក ​Knight បានបើក​ផ្លូវមួយ​ដែល CEO តិច​នាក់​​ណាស់​ព្រមធ្វើ​។ លោក Knight បាន​រៀបរាប់​រឿងរ៉ាវខ្លួន​ឯងក្នុង​របៀប​ស្មោះត្រង់​បំផុត ហើយគឺ​ជារឿងរ៉ាវ​ដែលអស្ចារ្យ​បំផុតដែរ។

៣/ The Gene និពន្ធដោយលោក Siddhartha Mukherjee៖នៅក្នុងសៀវភៅ​​នេះអ្នកនិពន្ធនាំ​​អ្នក​អាន​ទៅ​ក្នុងអតីតកាល បច្ចុប្បន្ន និង​អនាគត​នៃ​វិទ្យាសាស្រ្ត ដោយផ្តោត​លើបញ្ហា​សីលធម៌​​សំខាន់ៗ​ដែល​កំពុង​តែប្រ​ឈម​ក្នុង​វិស័យនេះ។ លោក Mukherjee សរសេរសៀវភៅ​មួយក្បាល​នេះសម្រាប់​អ្នកអាន​ដែលមិនមែន​ជា​អ្នកវិទ្យាសាស្រ្ត ឬមានជំនាញ​ខាងវិទ្យាពេទ្យ។

៤/ The Myth of the Strong Leader និពន្ធដោយលោក Archie Brown៖ដោយសារ​​តែការបោះ​ឆ្នោត​​​នៅសហរដ្ឋអាមេរិក​ឆ្នាំនេះ ទើបខ្ញុំ​ទៅរើសយក​សៀវភៅ​ឆ្នាំ ២០១៤ ​របស់អ្នក​ប្រាជ្ញ​​នៃ​សកល​វិទ្យាល័យ​ Oxford ដែល​បានសិក្សា​ភាពជាអ្នកដឹកនាំ​នយោបាយ​ទាំងល្អ ទាំងអាក្រក់​អស់​រយៈ​ពេល​ជាង៥០​ឆ្នាំ។ លោក ​Brown បាន​បង្ហាញថា មេដឹកនាំ​ដែល​ចូលរួម​វិភាគទាន​ធំបំផុត​ទៅ​ក្នុង​ប្រវត្តិសាស្រ្ត និងមនុស្សជាតិ​មិនមែនជាមេដឹកនាំ​ដែលមនុស្សទូទៅ​មើលឃើញថា​ជាមេដឹក​នាំខ្លាំង​ នោះទេ​។ ផ្ទុយ​ទៅវិញ មេដឹកនាំ​ទាំងនោះជា​មនុស្សចូលរួម​ធ្វើការ ចែក​រំលែក​អំណាច និង​​ចរចារ​គ្នា ហើយ​ទទួលស្គាល់ថា គ្មានមនុស្ស​ណាម្នាក់​អាច ឬគួរ​តែមាន​ចម្លើយ​ទាំងអស់​នោះទេ។

៥/ The Grid និពន្ធដោយលោកស្រី Gretchen Bakke៖ជាសៀវភៅ​មួយក្បាល​ដែល​ស្ថិតនៅ​ក្នុង​ចំណោម​សៀវភៅរៀបរាប់​អំពីរឿងរ៉ាវ​ ធម្មតា​តែជារឿងរ៉ាវ​គួរឱ្យ​ចាប់អារម្មណ៍។ ទោះបី​ជាអ្នក​អានមិនធ្លាប់​គិតដល់រឿង​អគ្គិសនី ក៏ខ្ញុំយល់ថា សៀវភៅនេះ​នឹងធ្វើឱ្យអ្នក​យល់ថា​ បង្គោលភ្លើង​គឺជាស្នាដៃ​វិស្វកម្មដ៏​អស្ចារ្យ​បំផុតមួយ​ក្នុងលោក​យើងនេះ៕

ប្រភព៖ thephnompenhtimes

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org