ពិធីចុះ​ហត្ថ​លេខា​ដៃគូស​ហការ រវាង Emerald HUB និង ឌីជី អ៊ីនធឺណិត Smart អម្រឹត និង Sabay

ថ្ងៃទី ១២ ធ្នូ ២០១៦៖ Emerald HUB ​គឺជាការិយាល័យ​ធ្វើការ​រួមគ្នា​មួយរបស់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី នឹងក្រុមហ៊ុនឌីជី ក្រុមហ៊ុន Smart  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និង ក្រុមហ៊ុន Sabay បាន​​ធ្វើ​ពិធី​ចុះហត្ថលេខាដៃគូរសហការ​រួមគ្នា ដើម្បី​ជំរុញក្នុងកិច្ចការ​អភិវឌ្ឍន៍ សហគ្រិនភាព​ដល់​យុវជន ជាអ្នក​ចាប់ផ្ដើមអាជីវកម្មថ្មី (Startup Business) ការ​ធ្វើ​សកម្មភាព​ប្រកួត​ប្រជែង គំនិត​អាជីវកម្ម និង​ការ​បណ្ដុះបណ្ដាល​ពី​របៀប​ធ្វើ​អាជីវកម្ម​ដំបូង ដល់សមាជិក ក៏ដូចជា សិស្សនិស្សិត និងអ្នក​អាជីព​នានា​ ជាពិសេស​ក្នុង​វិស័យអាជីវកម្មបច្ចេកវិទ្យា។ ពិធីចុះហត្ថលេខា នេះបានធ្វើ​ឡើង ក្រោមអធិបតីភាព លោក Andrey Sheen អគ្គនាយក​ក្រុមហ៊ុនឌីជី លោក Thomas HUNDT នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart លោក ឈាង សុភក្តិ សហស្ថាបនិក Emerald HUB Coworking Space កញ្ញា ហេង សុធាវី ប្រធានទីផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និង​លោក ជី សិលា នាយកក្រុមហ៊ុន Sabay ។

Image 1

វត្តមានរបស់អគ្គនាយក​ក្រុមហ៊ុនឌីជី លោក Andrey Sheen បានបង្ហាញចំណាប់​របស់​ខ្លួន​​ផង​ដែរទាក់ទងនឹងការបង្កើតឲ្យមានការិយាល័យរួមមួយសម្រាប់អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ជាក់ស្ដែងដូចជា Emerald HUB នៅពេលនេះ។ លោក​​បានមាន​ប្រសាសន៏ថា ឌីជី ពិតជារីករាយក្នុងការចូលរួមលើកស្ទួយ Emerald HUB។ យើង​​​កំពុង​តែសំលឹងឆ្ពោះទៅមុខជាមួយអ្វីដែលថ្មី ​និង​ការទទួល​បាន​ភាពរីកចម្រើននៅ​ទី​នេះ​។ គឺជា​ក្រុមហ៊ុនមួយដែលនឹងនាំប្រទេសឆ្ពោះទៅរកអនាគតដ៏ល្អ ។“ 

Image 4

          ចំនែកលោក Thomas HUNDT នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart ក៏បានមានប្រសាសន៏ក្នុងកម្មវិធីចុះហត្ថលេខានេះដែរគឺ “ ការិយាល័យធ្វើការ រួមគ្នា ដើរតួនិងមានមុខងារជាកន្លែងសម្រាប់សហគ្រិនវ័យក្មេងដើម្បីពិភាក្សា និងផ្លាស់ប្តូរគំនិតច្នៃប្រឌិតធ្វើអាជីវកម្មថ្មីជាមួយគ្នា។ Smart រីករាយក្នុងឪកាសវិនិយោគនានាជាពិសេសក្នុងវិស័យ បច្ចេកវិទ្យា ហើយ យើងមើលរំពឹងទុកនូវលទ្ធផលដ៏ប្រសើរពីការសហការជាមួយ Emerald HUB នេះ»។

Image 3

         កញ្ញា ហេង សុធាវី ប្រធានទីផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក៏បានមានប្រសាសន៏ថា “ការគាំទ្ររបស់យើងក្នុងកម្មវិធីនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់យើង ពោលគឺ  ដើម្បី    ផ្តល់សេវាហិរញ្ញ​វត្ថុច្រើនប្រភេទដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងសហគ្រិនខ្នាតតូចបំផុត តូច និងមធ្យម ។ យើងជឿជាក់ថា សហគ្រិនវ័យក្មេងនិងនិស្សិត នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះជាក់ជាមិនខាន ហើយយើងក៏សង្ឃឹមដែរថា នឹងមានការកើនឡើងនៃភាពជាសហគ្រិននាពេលអនាគត។

Image 5

លោក ឈាង សុភក្តិ បាន​ថ្លែង​ក្នុង​កម្មវិធី អំពី​សារៈសំខាន់នៃ​ការ​បង្កើត ការិយាល័យធ្វើការ​រួមគ្នា (Coworking Space) ដែល​ជា​ផ្នែកមួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៃការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​នៅ ​ប្រទេស​កម្ពុជា ក្នុង​ការ​ជួយ​ជំរុញ សហគ្រិន​វ័យក្មេង អ្នក​មាន​គំនិត​ផ្ដួច​ផ្ដើម និងនិស្សិត​ឲ្យ​បង្កើត​អាជីវកម្ម​បានប្រកប​ដោយ​និរន្តភាព។ លោក​ សុភក្ដិ​ បាន​បញ្ជាក់​ថា Emerald HUB នឹងទទួលបាន អត្ថប្រយោជន៍​​ពីកិច្ចសហការ ទាំង​បច្ចេកទេស អ៊ីនធឺណិត និង​ថវិកា សម្រាប់​ការផ្សព្វផ្សាយ និង​ជំរុញ​ក្នុង​ការ​បង្កើត​អាជីវកម្ម​បច្ចេកវិទ្យាថ្មីៗ ស្រប​នឹង​គោលបំណង​របស់ Emerald HUB ដែល​បង្កើត​ឡើង​បម្រើ​​ប្រយោជន៍ឲ្យ​ដល់សិស្សនិស្សិត និងសហគមន៍​នៃ​អ្នក​បង្កើត​អាជីវកម្ម​ថ្មី ជា​កន្លែងរៀន​បន្ថែម ចែករំលែក បង្កើត​ថ្មី ធ្វើការ​រួមគ្នា ភ្ជាប់ទំនាក់ទំនង និង រីកចម្រើន​ជាមួយ​គ្នា ។

Image 6

ជាចុងក្រោយ លោក បេ ចន្ត្រា សហស្ថាបនិក  Emerald HUB បាន​បន្ថែមថា កិច្ចសហប្រតិបត្តិការនៃភាគីទាំងអស់ នឹងធ្វើឲ្យ Emerald HUB Co-Working Space ក្លាយជាកន្លែង សម្រាប់ធ្វើការផ្ដួចផ្ដើមបណ្តុះគំនិតអាជីវកម្ម និងការចាប់ផ្ដើមអាជីវកម្មថ្មី ឲ្យមាននិរន្តភាព តាមរយៈ សកម្មភាព ជួបជុំ ចែករំលែក បណ្តុះបណ្ដាល សិក្ខាសាលា ទាក់ទងនឹងការចាប់ផ្ដើមធ្វើអាជីវកម្ម ការធ្វើការ និងការប្រើប្រាស់ធនធានរួមគ្នា វិនិយោគ ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងជួយធ្វើឲ្យគម្រោងនានានៃសហគមន៍អ្នកបង្កើតអាជីវកម្មថ្មី អាចដំណើរការបាន និងផ្ដល់ឱកាសក្នុងបង្ហាញឬណែនាំនូវ គំរូផលិតផល និងសេវាកម្មថ្មី ក៏ដូចជាការទំនាក់ទំនងទៅកាន់សហគមន៍នានានៅក្នុងតំបន់អាស៊ានផងដែរ។

តើអ្នកយល់យ៉ាងណា?

loading...
Content security powered by JaspreetChahal.org